Wednesday, July 3, 2013

Hungry ObOb ត្រូវ​បាន Microsoft ទទួល​ស្គាល់ និង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការហើយ​នៅ​លើ Windows Store បន្ទាប់​ពី​កែ​សម្រួល​ចំណុច​ខ្វះខាត​មួយ​ចំនួន​ទទួល​បាន​ជោគជ័យ​រួច​មក។ កាន់​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ Hungry ObOb ក៏​ជា​ហ្គេម​ខ្មែរ​ទី​មួយ ក្នុង​ចំណោម​ហ្គេម​ជាង ១៦ ម៉ឺន​ហ្គេម​ផ្សេង​ទៀត ដែល​មាន​នៅ​លើ Windows Store របស់ Microsoft។
យុវជន ឈួម រតនា ស្ថាបនិក​មួយ​រូប និង​ដែល​កាន់​តួនាទី​ជា​អ្នក​ធ្វើ Animation និង Interface ក្នុង​ក្រុម​ការងារ​ផលិត​ហ្គេម Hungry ObOb បាន​ឲ្យ​ដឹង​ថា Hungry ObOb ពេល​នេះ​អ្នក​ប្រើប្រាស់​អាច​ទាញ​យក​ដោយ​ឥត​គិត​ថ្លៃ​ពី Windows Store សម្រាប់ Version ដំបូង​នេះ។
ហ្គេម Hungry ObOb ត្រូវ​យុវជន​មួយ​ក្រុម​ចាប់​ផ្ដើម​ធ្វើ​កាល​ពី​ដើម​ឆ្នាំ ២០១៣ មក​ម្ល៉េះ។ អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍ Hungry ObOb មាន​ដាក់​រូប​ភាព​ផ្សេងៗ​ដូច​ជា​ប្រាសាទ​បុរាណ​ខ្មែរ​ និង​ទេសភាព​​​ប្រទេស​ខ្មែរ​មួយ​ចំនួន​ទៀត។ ប៉ុន្តែ​បញ្ហា​គឺ​វា​នៅ​ដំណើរការណ៍​យឺត ​នៅពេល​បើក​លេង​ដំបូង ដែល​នេះ​ទាម​ទារ​ឲ្យ​មាន​ការ​កែ​សម្រួល​ឡើង​វិញ។
រតនា បាន​បញ្ជាក់​ថា ដោយ​មើល​ឃើញ​បែប​នេះ និង​ទទួល​បានការ​ណែនាំ​ខ្លះៗ​ពី Microsoft ខាង​ក្រុម​ការងារ​របស់​គេ បាន​កែ​សម្រួល​លើ​ចំណុច​ខ្វះ​ខាត​មួយ​ចំនួន ដូចជា​បញ្ហា​ដំណើរការណ៍​យឺត​ ដើម្បី​ឲ្យ​ស្រប​តាម​ការ​ចង់​បាន និង​លក្ខខណ្ឌ​កំណត់​ពី Microsoft។
ក្រោយ​ពេល​កែ​សម្រួល​រួច​ឃើញ​ថា វាបាន​ដំណើរការណ៍​បាន​ប្រសើរ និង​លឿន​ជាង​មុន ហើយ Microsoft ក៏​ប្រកាស​ដាក់​ឲ្យ​អតិថិជន​ទាញ​ប្រើប្រាស់​ហ្គេម​ថ្មី​នេះ​នៅ​លើ Window Store គឺ​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពីក្រុមហ៊ុន​បង្ហាញ​ប្រព័ន្ធ​ដំណើរការណ៍​ថ្មី Window 8.1 Preview។
យុវជន​រូប​នេះ បាន​សំដែង​ក្តី​រីករាយ និង​មោទនភាព​សម្រាប់​សមិទ្ធផល​ផលិត​ហ្គេម​របស់​ក្រុម​គេ​នេះ និង​សង្ឃឹម​ថា​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​ប្រើប្រាស់​នៅ​ជុំវិញ​ពិភពលោក ជាពិសេស​អ្នក​ប្រើប្រាស់​ក្នុង​ស្រុក។

តើ​មិត្ត​យុវវ័យ​បាន​សាកល្បង​លេង​ហ្គេម Hungry ObOb ហើយ​ឬ​នៅ? ចុច​ត្រង់​នេះ ដើម្បី​ទាញ​យក។
បន្ត​អាន​អត្ថបទ​ស្នាដៃ​កូន​ខ្មែរ​ដទៃ​ទៀត សូម​ចុច​ត្រង់​នេះ

ដោយ៖ ខ្មែរអាយធី
ប្រភព៖ សប្បាយ



0 comments:

Post a Comment